កម្ពុជាទទួលបានមេដាយមាស៣ក្នុងការប្រកួត AICTA 2017

24231923_2004218709593769_1460402572692500259_n

ខេត្តសៀមរាប ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ាន (AICTA) គឺជាគម្រោងមួយដែលត្រូវ បានអនុម័ត ដោយរដ្ឋមន្រ្តីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ាន (TELMIN) ស្របតាមគោលដៅយុទ្ធសាស្រ្ត ស្តីពីនវានុវត្តន៍ ដែល មានចែងនៅក្នុងផែនការមេ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ាន ឆ្នាំ២០១៥ (AIM 2015) និងឆ្នាំ ២០២០ (AIM 2020)។ ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ានគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ របស់អាស៊ាន រៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដោយទទួលស្គាល់ នូវសមិទ្ធផល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានដែលល្អបំផុតជំរុញ ការច្នៃប្រឌិតនិងទំនាក់ទំនងពាណិជ្ជកម្ម  លើកកម្ពស់នវានុវត្ត និងផ្តល់កាលានុវត្តិភាពសម្រាប់ធុរកិច្ច ក្នុងចំណោមស្ថាប័នក្រុមហ៊ុនឬសហគ្រាសនៅទូទាំងតំបន់អាស៊ាន។

ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ានលើកដំបូង បានរៀបចំឡើងនៅទីក្រុង Cebu ប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០១២ដែលរួមមាន៥ប្រភេទវិញ្ញាសាគឺទី១.វិស័យសាធារណៈ ទី២.វិស័យឯកជន ទី៣.ការទទួលខុសត្រូវសង្គមរបស់សារជីកម្ម ទី៤. មាតិកាឌីជីថល និងទី៥. ការបង្កើតអាជីវកម្មថ្មី។ ដោយឡែកចាប់តាំងពីការរៀបចំការប្រកួតប្រជែងពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន អាស៊ានលើកទី២ក្នុងឆ្នាំ២០១៣ តរៀងមកវិញ្ញាសាទី៦ ថ្មីមួយទៀតត្រូវបានបន្ថែមគឺវិញ្ញាសារស្រាវជ្រាវនិងអភិវឌ្ឍ។

សម្រាប់ការប្រកួតប្រជែងដណ្តើមពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ានឆ្នាំ២០១៧នេះ ត្រូវបានរៀបចំធ្វើឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅសណ្ឋាគារអប្សរាផាឡែស ខេត្តសៀមរាប នាថ្ងៃទី ២៩-៣០ ខែវិច្ជិកា ឆ្នាំ២០១៧។ ការប្រកួតប្រជែងនេះ ជាកម្មវិធីមួយស្ថិតក្នុងក្របខណ្ឌនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ាន លើកទី១៧ (TELMIN 2017) ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។ ការប្រកួតប្រជែងត្រូវបានរៀបចំឡើយដោយមានគណៈមេប្រយោគចំនួន១២រូបសុទ្ធសឹងជា អ្នកជំនាញនិងមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្នុងនោះ ១០រូបមកពីប្រទេសសមាជិកអាស៊ាន(១រូប/ប្រទេស) និង២រូបទៀតត្រូវបានចាត់តាំងពីប្រទេស ជាដៃគូសន្ទនារបស់អាស៊ានរួមមាន ចិន និងជប៉ុន។  ឆ្នាំ២០១៧នេះ មានក្រុមហ៊ុនចំនួន១១៣មកពីប្រទេសអាស៊ានទាំង១០ បានចុះឈ្មោះប្រកួតប្រជែងនៅជុំទី១ (វគ្គជម្រុះ) ដែលបានធ្វើឡើងនាខែកញ្ញាឆ្នាំ២០១៧ ដែលនេះជាចំនួនច្រើនបំផុតមិនធ្លាប់ មានគិតចាប់ ពីឆ្នាំ២០១២មក។ នេះបញ្ជាក់ឱ្យឃើញពីកំណើននៃភាពឆ្នៃប្រឌិត នវានុវត្តន៍ និងការប្រកួតប្រជែងក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានកាន់តែច្រើនឡើងក្នុងតំបន់អាស៊ាន។ ក្នុងចំណោយក្រុមហ៊ុនទាំង១១៣ មានតែក្រុមហ៊ុន១៨ប៉ុណ្ណោះដែលបានជាប់ក្នុងជុំទី១ និងដែលត្រូវបានអនុញ្ញាត ឱ្យធ្វើបទបង្ហាញអំពីផលិតផលរបស់ខ្លួនក្នុងជុំទី២ (វគ្គផ្តាច់ព្រ័ត្រ) នៅក្នុងពេលដំណាលគ្នានៃកិច្ចប្រជុំរដ្ឋមន្រ្តីទូរគមនាគមន៍អាស៊ាន (TELMIN 2017) ដើម្បីកំណត់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធិ នៅក្នុងវិញ្ញាសារនីមួយៗ។

ឆ្នាំ២០១៧នេះ កម្ពុជាក្នុងនាមជាប្រទេសម្ចាស់ផ្ទះមានមោទនភាព ដោយក្រុមហ៊ុនចំនួន ៣របស់កម្ពុជា ដណ្តើមបានមេដាយមាសទាំងបីក្នុងវិញ្ញាសាផ្សេងៗគ្នារួមមាន៖

  • កម្មវិធី Sokhakrom-Participatory Healthcare Platform របស់ក្រុមហ៊ុន Codingate ទទួលបានមេដាយមាស ក្នុងវិញ្ញាសាវិស័យឯកជន។
  • កម្មវិធី Bong Pheak របស់ វិទ្យាស្ថានបើកទូលាយទទួលបានមេដាយ មាស ក្នុងវិញ្ញាសាការទទួលខុសត្រូវសង្គមរបស់សាជីវកម្ម។
  • កម្មវិធី BookMeBus របស់ក្រុមហ៊ុន Camtasia Technology Co.Ltd; ទទួលបានមេដាយ មាសក្នុងវិញ្ញាសាការចាប់ផ្តើមធុរកិច្ចថ្មី(Startup Company)។

 

គួររំឭកថា ចាប់តាំងពីឆ្នាំ២០១៤មក កម្ពុជាដណ្តើមបានជ័យលាភីក្នុងក្របខ័ណ្ឌនៃការប្រកួតប្រជែងពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ាននេះជាបន្តបន្ទាប់។ ឆ្នាំ២០១៤កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿងនៅ ក្នុងវិញ្ញាសា ការបង្កើតធុរកិច្ចថ្មី។ ឆ្នាំ២០១៥ កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿងនៅក្នុងវិញ្ញាសា ការទទួលខុសត្រូវ សង្គមរបស់សាជីវកម្ម ហើយឆ្នាំ២០១៦ កន្លងទៅកម្ពុជា កម្ពុជាដណ្តើមបានមេដាយប្រាក់១គ្រឿងក្នុងវិញ្ញាសា ការទទួលខុសត្រូវសង្គមរបស់សាជីវកម្ម និង មេដាយសំរិទ្ធិ១គ្រឿងទៀតនៅក្នុងវិញ្ញាសា ការបង្កើតធុរកិច្ចថ្មី។

001

002

003

004

Leave a Reply

Your email address will not be published. Required fields are marked *