សិក្ខាសាលា ដើម្បីរៀបចំគោលនយោបាយសម្រាប់ការបង្កើតធុរកិច្ចឌីជីថល

photo_2018-02-06_15-21-03

នៅថ្ងៃអង្គារ ៦ រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួង ប្រៃណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាដើម្បីរៀបចំគោលនយោបាយសម្រាប់ ការបង្កើតធុរកិច្ចឌីជីថល (Start-up Policy Hack)។ ពិធីនេះ ប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ នៃក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ ។
Start-up Policy Hack គឺជាវេទិកាពិសេសមួយ ដែលផ្តល់ឱកាសដល់អ្នកចូលរួម និងដៃគូ ដើម្បី ពិភាក្សាទៅលើបញ្ហាប្រឈមនិងលំបាក ដែលជាបញ្ហារំខានដល់ការអភិវឌ្ឈន៍ឌីជីថល ជូន អ្នកធ្វើគោលនយោបាយ និងដើម្បីកំណត់វិធាន ក៏ដូចជាការគាំទ្រ ជម្រុញការវិនិយោគ និងលើកទឹកចិត្តឲ្យមានការប្រកួតប្រជែង សម្រាប់សហគ្រិននិងអ្នកធ្វើនវានុវត្តន៍ ក្នុងវិស័យ ឌីជីថល។
Start-up Policy Hack មិនដូចជាការធ្វើគោលនយោបាយចាស់ៗពីមុនទេ ដែលបញ្ហាប្រឈម ត្រូវបានជ្រើសរើសដោយគណៈកម្មាធិការរៀបចំគោលនយោបាយនៅថ្នាក់ក្រសួង សិក្ខាសាលានេះនឹងជ្រើសរើសយកអ្នកចូលរួមដែលនាំយកមកនូវបញ្ហាប្រឈមជាក់លាក់ ដែលពួកគេកំពុងតែជួបប្រទះនៅក្នុងប្រព័ន្ធអេកូឌីជីថលជាមួយនឹងគំនិតនៃរបៀប ដោះស្រាយបញ្ហាទាំងនោះ ។
ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ បានមានប្រសាសន៍ថា បញ្ហាដែលអ្នកចូលរួម នឹង ដោះស្រាយ នឹងមិនមែនជាការភ្ញាក់ផ្អើលចំពោះខ្លួនឯងនោះទេ ប៉ុន្តែវាជាបញ្ហាប្រឈម ដែលត្រូវបង្ហាញទៅដល់អ្នករៀបចំគោលនយោបាយដូចជា ការចម្រាញ់ និងការផ្ទៀងផ្ទាត់ រកដំណោះស្រាយ ដែលបានលើកឡើង តាមរយៈភាពជាដៃគូររវាងរដ្ឋាភិបាល និង វិស័យឯកជន។ ការរៀបចំសិក្ខាសាលានេះ ជាការរៀបចំលើកទី១ ដែលគោលនយោបាយ ត្រូវបានរៀបចំក្នុងវិធីសាស្ត្រពីក្រោមមកលើ ហើយផ្តល់នូវធាតុចូលយ៉ាងសំខាន់ដល់អ្នក ធ្វើគោលនយោបាយ។
ដើម្បីដោះស្រាយបញ្ហារំខានដល់ការអភិវឌ្ឈន៍ឌីជីថល (Digital Distruption) រដ្ឋាភិបាលមិន អាចធ្វើគោលនយោបាយតែឯងបានទេ។ Start-up Policy Hack អញ្ជើញអ្នកចូលរួម ដែលមាន ចំណាប់អារម្មណ៍ ដើម្បីបង្កើតវិធីសាស្រ្តថ្មីៗ ក្នុងទម្រង់ជាភាពជាដៃគូរដែលមានលក្ខណៈ បើកចំហ សហការគ្នា និងផ្តោតលើដំណោះស្រាយដែលអាចអនុវត្តបាន រវាងរដ្ឋាភិបាល វិស័យឯកជន ធនាគារ សហគ្រិន ក្រុមហ៊ុនចាប់ផ្តើមធុរកិច្ច អ្នកសិក្សាជាដើម។ នេះជាការលើកឡើងរបស់លោកបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងជាវាគ្មិនសម្របសម្រួលក្នុងអង្គ សិក្ខាសាលាបានលើកឡើង។
អង្គសិក្ខាសាលា ផ្តល់ឱកាសដល់អ្នកចូលរួម បានស្វែងយល់នូវគោលគំនិតនៃការធ្វើ គោលនយោបាយ និងបទបញ្ញត្តិនានាដូចជា sandboxes ដែលត្រូវបានអនុវត្តនៅក្នុងបណ្តា ប្រទេសមួយចំនួនដែលកំពុងប្រឈមមុខនឹងវិវាទ និងការធ្វើបទបញ្ញត្តិ ក្នុងទិសដៅមាន ភាពមិនស៊ីសង្វាក់គ្នា ដែលជាទូទៅកើតឡើងជាមួយនឹងឧស្សាហកម្មប្រពៃណី ដូចជាវិស័យ ដឹកជញ្ជូន សុខាភិបាល អប់រំ ធនាគារ ព្រមទាំងវិស័យច្រើនទៀត ទន្ទឹមគ្នានឹងការកកើតឡើង នូវបច្ចេកវិទ្យាដោយប្រើប្រាស់ឌីជីថល ដែលធ្វើនវានុវត្តន៍ដោយក្រុមហ៊ុនថ្មី។

IMG_0972
IMG_1039
photo_2018-02-06_15-28-18
photo_2018-02-06_15-28-27
IMG_1087
IMG_1077

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
លោក ស៊ុន រ៉ាពីដ អនុប្រធានវិទ្យាស្ថានជាតិ NIPTICT
ទូរស័ព្ទលេខ 016 868984
អ៊ីម៉េល sun.rapid@niptict.edu.kh

Leave a Reply

Your email address will not be published. Required fields are marked *