ពានរង្វាន់ ICT កម្ពុជា ២០១៩ ផ្តោតជាចម្បងលើ «នវានុវត្តន៍លើវិស័យ ICT»

  • Home
  • ពានរង្វាន់ ICT កម្ពុជា ២០១៩ ផ្តោតជាចម្បងលើ «នវានុវត្តន៍លើវិស័យ ICT»

សូមចាប់ផ្តើមចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ

វិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានបើក ទទួលពាក្យប្រកួតប្រជែង ពានរង្វាន់ ICT កម្ពុជា ឆ្នាំ២០១៩ ទៀតហើយ! កម្មវិធីប្រកួតប្រជែងពានរង្វាន់ ICT កម្ពុជា គឺជា កម្មវិធីប្រកួតប្រជែងពានរង្វាន់ ICT ថ្នាក់ជាតិធំជាងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បី បង្ហាញនូវសមិទិ្ធផល ស្នាដៃ និងជោគជ័យនានា លើនវានុវត្តន៍ក្នុងវិស័យ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(ICT) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន/ស្ថាប័ន អាចដាក់ពាក្យចូលរួមប្រកួតប្រជែង ដែលមានមកពី ក្រុមហ៊ុនឯកជនក្នុងស្រុក ក្រុមហ៊ុនផ្តួចផ្តើមធុរៈកិច្ច (Startup)  សហគ្រាសសង្គម អង្គការក្រៅរដ្ឋាភិបាល ឬ ស្ថាប័នរដ្ឋពាក់ព័ន្ធផ្សេងៗ តាមរយៈគេហទំព័រhttp://cambodiaictawards.com/ ចាប់ពីថ្ងៃនេះតទៅ រហូតដល់ ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៩ 

ផលិតផលបច្ចេកវិទ្យា ដែលមានលក្ខណៈច្នៃប្រឌិត និងនវានុវត្តន៍ អាចចុះឈ្មោះចូលរួមប្រកួតប្រជែង!

 ក្រុមហ៊ុន/ស្ថាប័ន អាចដាក់ពាក្យចូលរួមប្រកួតតាមប្រភេទពានរង្វាន់ដូចខាងក្រោម៖

  1. ក្រុមហ៊ុនផ្តួចផ្តើមធុរៈកិច្ចបច្ចេកវិទ្យា ល្អបំផុតប្រចាំឆ្នាំ (Best Tech Startup of the year)
  2. ស្ថាប័ននវានុវត្តន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Innovation organization of the year)
  3. ការស្រាវជ្រាវ និងអភិវឌ្ឍន៍វិទ្យាសាស្ត្រ ល្អបំផុតប្រចាំឆ្នាំ (Best ICT R&D of the year)
  4. បច្ចេកវិទ្យានវានុវត្តន៍សង្គម ល្អបំផុតប្រចាំឆ្នាំ (Best Social Innovation of the year)
  5. សេវារដ្ឋបាលអេឡិចត្រូនិក ល្អបំផុតប្រចាំឆ្នាំ (Best e-government service of the year)

ក្រៅពីពានរង្វាន់ប្រភេទទាំង ៥ ខាងលើ គណៈកម្មធិការក៏ធ្វើការវាយតម្លៃ និងជ្រើសរើស ក្រុមហ៊ុន/ស្ថាប័ន ដែលមានស្នាដៃក្នុងវិស័យអទ្ធិភាពមួយចំនួនទៀតដូចជា៖ បច្ចេកវិទ្យាក្នុងវិស័យកសិកម្ម (AgriTech), ធនាគារឌីជីថល (Digital Banking), បច្ចេកវិទ្យាក្នុងវិស័យអប់រំ (EduTech), បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ (FinTech), បច្ចេកវិទ្យាក្នុងវិស័យសុខភិបាល (HealthTech)   ។ល។

ក្រុមហ៊ុន/ស្ថាប័ន ដែលបានដាក់ពាក្យចូលរួមប្រកួត នឹងត្រូវបានសម្រាំងជ្រើសរើស ដោយចៅក្រម ដែលមានសមាសភាពមកពី ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ សង្គមស៊ីវិល និងអ្នកតំណាងឧស្សាហកម្មក្នុងវិស័យ ICT ។ លក្ខណៈសម្បត្តិវាយតម្លៃ និងជ្រើសរើស ផ្អែកលើគុណសម្បត្តិមួយចំនួនដូចជា ១/នវានុវត្តន៍បច្ចេកវិទ្យា (tech innovation) ២/ដោះស្រាយបញ្ហាក្នុងសង្គម (Problem Solving) ៣/ប្រសិទ្ធភាពនៃប្រតិបត្តិការ (Effeciency of operation) ៤/យុទ្ធសាស្ត្រទីផ្សារ (Marketing Strategy) ។

វិទ្យាស្ថានជាតិ NIPTICT បានរៀបចំកម្មវិធីប្រកួតប្រជែងពានរង្វាន់ ICT កម្ពុជា នេះឡើងចាប់តាំងពីឆ្នាំ ២០១៥ មក ក្នុងគោលបំណងជំរុញលើកទឹកចិត្ត និងលើកកម្ពស់ផលិតផល ឬគម្រោង ដ៏ឆ្នើមនៅកម្ពុជា។ កម្មវិធីប្រកួត ប្រជែងពានរង្វាន់ ICT កម្ពុជា ២០១៩ នេះ នឹងផ្តល់រង្វាន់ដល់ម្ចាស់ជ័យលាភី ជាមួយនិងទឹកប្រាក់ នឹងពានរង្វាន់ ឆ្នើមល្អផ្តាច់គេ ដែលជាពានរង្វាន់ កិត្តិយសថ្នាក់ជាតិ ដែលនឹងជួយឱ្យអាជីវកម្ម របស់ពួកគេ ឈានឡើងបាន មួយកម្រិតទៀត។

Dr. Seng Sopheap CICTA

ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានមានប្រសាសន៍ថា “តាមរយៈការប្រកួតនេះ យើងសង្ឃឹមថា ក្រុមហ៊ុន និងសហគ្រិន ដែលមានស្នាដៃ នឹងទទួលបានការទទួលស្គាល់ទូទាំងប្រទេស ហើយនិងជម្រុញ និងលើកទឹកចិត្តឱ្យយុវជនយើង រៀនបច្ចេកវិទ្យា និងបង្កើតសេវាកម្ម ឬផលិតផលបច្ចេកវិទ្យា ឆ្នៃប្រឌិតថ្មីកាន់តែច្រើន ដើម្បីចូលរួមអភិវឌ្ឍវិស័យ ICT និងជម្រុញសេដ្ឋកិច្ចឌីជីថល នៅកម្ពុជា» ។

គួររំលឹកថា ក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនដែលទទួលបានជ័យលាភីទាំង៣ គឺ ១/Morakot VB (Core Banking System) បង្កើតឡើងដោយ Morakot Technology ដែលនេះជាកម្មវិធី សម្រាប់គ្រប់គ្រងក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ ។ ២/ Soyo (Cambodia) បង្កើតឡើងដោយ Soyo Entreteniment Co., Ltd. ដែលជាកម្មវិធីមើលភាពយន្តតាមអនឡាញជាលើកដំបូងនៅកម្ពុជា។ ៣/ Banhji បង្កើតឡើងដោយ PCG & Partners Co., Ltd. ជាកម្មវិធីគណនេយ្យ សម្រាប់តម្រូវការសហគ្រាសធុនតូច និងមធ្យមនៅក្នុងអាស៊ាន ។

Smart CICTA

ការទទួលស្គាល់ទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ សម្រាប់បេក្ខជនជ័យលាភី

ពានរង្វាន់នេះត្រូវបានរៀបចំឡើងដោយមានការសហការពីដៃគូជាច្រើនក្នុងវិស័យ ICT ។ ក្រុមហ៊ុន Smart Axiata ដែលជាដៃគូសហការ និងឧបត្ថម្ភធំ យល់ឃើញថា កម្មវិធីនេះ គឺជាឱកាសក្នុងការបង្ហាញពី សមត្ថភាពនវានុវត្តន៍នៅកម្ពុជា។ ក្រុមហ៊ុន Smart Axiata ជឿជាក់ថាកម្មវិធីពានរង្វាន់ ICT កម្ពុជា ផ្តល់ឱកាស ដ៏ពិសេស សម្រាប់បណ្តា ក្រុមហ៊ុន/ស្ថាប័ន និងបុគ្គលនានា ក្នុងការបង្ហាញផលិតផល នវានុវត្ត៍ន៍ ជំនាញ និងការនាំមុខទៅកាន់ឌីជីថល តាមរយៈគំរូអាជីវកម្មថ្មីៗ ដែលផ្តល់អត្ថប្រយោជន៍ដល់សង្គមជាតិ។ ក្នុងនាមជាដៃគូ អភិវឌ្ឍដ៏សំខាន់របស់ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន Smart Axiata មានសុទិដ្ឋិនិយម លើលទ្ធផលនៃកម្មវិធីប្រកួតប្រជែងនេះ ថានឹងពង្រឹង លើកទឹកចិត្ត និងកសាងយុគសម័យបច្ចេកវិទ្យា របស់កម្ពុជា ឆ្ពោះទៅកាន់យុគសម័យឌីជីថល និង ICT ឱ្យស្របជាមួយប្រទេសក្នុងតំបន់។

ក្រុមហ៊ុន/ស្ថាប័នចូលរួមប្រកួតប្រជែងក្នុងឆ្នាំ២០១៩ នេះ ក៏មានឱកាសចូលរួមក្នុងថ្នាក់តំបន់ផងដែរ។

សូមតាមដានព័ត៌មានលម្អិតអំពីការប្រកួតពានរង្វាន់ ICT កម្ពុជា ២០១៩ តាមរយៈ http://www.cambodiaictawards.com/https://www.facebook.com/cambodiaictawards

3I7A0431 P1030562