• Home
  • Training & Workshop
  • វិទ្យាស្ថានជាតិ NIPTICT រៀបចំសន្និសិទថ្នាក់តំបន់ស្តីអំពីការស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកវិទ្យាភាសានៃបណ្តាប្រទេសអាស៊ាន

វិទ្យាស្ថានជាតិ NIPTICT រៀបចំសន្និសិទថ្នាក់តំបន់ស្តីអំពីការស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកវិទ្យាភាសានៃបណ្តាប្រទេសអាស៊ាន

នៅព្រឹកថ្ងៃទី​ ១៩ ខែធ្នូ ឆ្នាំ២០១៩ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ហៅកាត់ថា និបទីក (NIPTICT) បានរៀបចំសន្និសីទស្រាវជ្រាវថ្នាក់តំបន់ ស្តីពីការស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកវិទ្យាភាសានៃបណ្តាប្រទេសអាស៊ានក្រោមអធិបតី ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅទីស្តីការក្រសួង។

សន្និសីទនេះ មានរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៩។ ក្នុងរយៈពេល ២ថ្ងៃនេះ មានការចូលរួមពីវាគ្មិនដែលជា អ្នកស្រាវជ្រាវ បណ្ឌិត សាស្ត្រាចារ្យ​ និងអ្នកជំនាញមកពី កម្ពុជា បារាំង ជប៉ុន ភូមា និងម៉ាឡេសុី ដែលបានធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាភាសានៃបណ្តាប្រទេសអាស៊ានក្នុងប្រព័ន្ធកុំព្យូទ័រ។

គោលបំនងចម្បងៗនៃការៀបចំសន្និសីទនេះរួមមាន៖

  • បង្ហាញពីការរកឃើញ និងបច្ចេកវិទ្យាថ្មីៗទាក់ទង់នឹកការប្រើប្រាស់ភាសាក្នុងប្រព័ន្ធកុំព្យូទ័រជាពិសេសភាសា ដែលមានលក្ខណះស្មុគស្មាញ (complex script) និងមានការប្រើប្រាស់តិចតួចក្នុងប្រព័ន្ធ កុំព្យូទ័រដូចជាភាសាខ្មែរ ឡាវ និងភូមាជាដើម។
  • ផ្សព្វផ្សាយ និងបង្កើនការយល់ដឹងពីសារសំខាន់នៃការស្រាវជ្រាវលើបច្ចេកវិទ្យាភាសារជាពិសេសភាសាខ្មែរ។
  • រួមចំណែកជំរុញលើការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាភាសាខ្មែរ។
  • ភ្ជាប់ទំនាក់ទំនងរវាងអ្នកស្រាវជ្រាវក្នុងស្រុក និងអ្នកស្រាវជ្រាវអន្តរជាតិ។

សនិ្នសីទនេះក៏មានការចូលរួមពីសំណាក់សាស្ត្រាចារ្យ និស្សិត និងតំណាងអ្នកស្រាវជ្រាវមកពី ២០ សកលវិទ្យាល័យរដ្ឋ និងគ្រឹះស្ថានស្រាវជ្រាវនៅកម្ពុជាសរុបប្រមាណ៨០នាក់។

ឯកឧត្តម កាន ច័ន្ទមេត្តា បានលើកឡើងថា៖ បច្ចេកវិទ្យាភាសាមានសារសំខាន់ណាស់ ក្នុងការជួយសម្រួលដល់ការ ធ្វើការងារដូចជាការសរសេររបាយការណ៍ ការរក្សាទុកឯកសារ ការទំនាក់ទំនងរវាងមនុស្សនិងម៉ាស៊ីនកុំព្យូទ័រ ក៏ដូចជាការទទួលបានព័ត៌មានទូលំទូលាយ និងប្រសើរជាងមុន។ ហេតុដូច្នេះហើយទើបថ្នាក់ដឹកនាំក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ បានគាំទ្រ និងផ្តល់ជាមូលនិធិសម្រាប់រៀបចំសន្និសីទស្រាវជ្រាវវិទ្យាសាស្ត្រ នេះឡើងដែលមានការចូលរួមពីសំណាក់វាគ្មិនជាអ្នកស្រាវជ្រាវ អ្នកជំនាញ ផ្នែកបច្ចេកវិទ្យាភាសា ទាំងក្នុងស្រុក និងអន្តរជាតិ និងមានការចូលរួមយ៉ាងផុលផុសពីអ្នកស្រាវជ្រាវ តំណាងសកលវិទ្យាល័យ និងគ្រឹះស្ថានស្រាវជ្រាវ ក៏ដូចជាសិស្សនិស្សិតកម្ពុជាផងដែរ។

លោកបណ្ឌិត សំ សិទ្ធិសេរី អនុប្រធានវិទ្យាស្ថានជាតិ NIPTICT ទទួលបន្ទុកផ្នែកស្រាវជ្រាវ បានរំលឹកថា៖ វិទ្យាស្ថាន​ បានរៀបចំសន្និសីទស្រាវជ្រាវ ថ្នាក់តំបន់ស្តីអំពីបច្ចេកវិទ្យាភាសាបាន២លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១៧មក។ ដោយឡែកសម្រាប់សន្និសីទ លើកទី៣នេះ ពិសេសជាងឆ្នាំកន្លងទៅ ដោយសារមានការចូលរួមពីវិស័យឯកជន ដូចជាក្រុមហ៊ុន Smart Axiata ក៏ដូចជាសកលវិទ្យាល័យ និងគ្រឹះស្ថានស្រាវជ្រាវរដ្ឋច្រើនជាងឆ្នាំមុន ដែលនេះបង្ហាញពីការចាប់អារម្មណ៍លើ បច្ចេកវិទ្យាភាសាកាន់តែច្រើនឡើងពីស្ថាប័នពាក់ព័ន្ធ។ ខ្ញុំសង្ឃឹមជឿជាក់ថា បច្ចេកវិទ្យាភាសាខ្មែរ ដែលប្រើប្រាស់ក្នុងប្រព័ន្ធកុំព្យូទ័រ នឹងមានការរីកចម្រើនខ្លាំងនាពេលអនាគតដ៏ខ្លីខាងមុខ ប្រសិនបើយើងបន្ត កិច្ចសហការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យានេះរួមគ្នា។ វិទ្យាស្ថានជាតិ NIPTICT សូមស្វាគមន៍ចំពោះ គំនិតផ្តួចផ្តើមនានា លើការស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នាលើបច្ចេកវិទ្យាភាសាខ្មែរ។