Award Ceremony of Cambodia ICT Awards and Cambodia Woman In Tech 2020

ពិធីប្រគល់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន កម្ពុជា ២០២០ (Cambodia ICT Awards 2020) និងស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា ២០២០ (Cambodia Women In Tech 2020)

ពិធីប្រគល់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានកម្ពុជាឆ្នាំ២០២០ (Cambodia ICT Awards 2020) និងស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា ឆ្នាំ២០២០ (Cambodia Women In Tech 2020) ត្រូវបានរៀប​ចំដោយ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រោមការគាំទ្រពី​ក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍ និងឧបត្ថម្ភដោយមូលនិធិ ស.អ. ។ កម្មវិធីទាំងពីរខាងលើគឺជា​​កម្មវិធីប្រគល់ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍និង​ព៌ត័មាន​​ថ្នាក់​ជាតិ​ធំ​ជាង​គេបំផុត​ដើម្បី​​ទទួល​ស្គាល់​​សមិទ្ធ​ផលជោគជ័យ​និងស្នាដៃ​​ន​វានុវត្តន៍​ក្នុងចំណោមសហគ្រិនក្នុងវិស័យបច្ចេកវិទ្យា និងជំរុញស្ត្រីដែលទទួលបានជោគជ័យក្នុងអាជីពបច្ចេកវិទ្យា នៅក្នុងព្រះរាជាណាចក្រ​កម្ពុជា។ ពិធីប្រគល់ពានរង្វាន់នេះ ប្រព្រឹត្តទៅនៅ ថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២ រសៀល នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម  ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានកម្ពុជាឆ្នាំ២០២០ (Cambodia ICT Awards 2020) និងស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា ឆ្នាំ២០២០ (Cambodia Women In Tech 2020), ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានគូសបញ្ជាក់ថា ពាន់រង្វាន់ទាំងពីរប្រភេទនេះត្រូវបានផ្តល់ជូនដើម្បីគាំទ្រនិងជំរុញបន្ថែមដល់ភាពជោគជ័យនិងនវានុវត្តន៍របស់សហគ្រិន និងដើម្បីលើកទឹកចិត្តស្ត្រីដែលជោគជ័យក្នុងអាជីពក្នុងវិស័យបច្ចេកវិទ្យាក្នុងព្រះរាជាណាចក្រកម្ពុជា។ ពានរង្វាន់នេះ នឹងជំរុញឱ្យធុរកិច្ចថ្មីឌីជីថលកម្ពុជាអាចពង្រីកខ្លួនទៅក្នុងឆាកតំបន់និងឆាកអន្តរជាតិ ក៏ដូចជាបង្ហាញថាកម្ពុជាជាប្រទេសដែលទាក់ទាញលើវិស័យបច្ចេកវិទ្យាក្នុងតំបន់អាស៊ាន។

 

ជ័យលាភីទាំង ១០ នៃកម្មវិធីទាំងពីរបានទៅ ក្រុមហ៊ុន ស្ថាប័ន និងបេក្ខនារី ដូចខាងក្រោម៖

. ពានរង្វាន់សេវារដ្ឋបាលអេឡិចត្រូនិក ល្អបំផុតប្រចាំឆ្នាំ (Best E-Government Service Of The Year) បានទៅ លើ “ប្រព័ន្ធគ្រប់គ្រងទិន្នន័យ អង្គភាពច្រកចេញចូលតែមួយ (One Window Service Unit Service Delivery Management Information System)” ដែលជាប្រព័ន្ធស្វ័យប្រវត្តិកម្មទំនើបរបស់ក្រសួងមហាផ្ទៃ។ កម្មវិធីព័ត៌មានវិទ្យានេះត្រូវបានរៀបចំនិង គ្រប់គ្រងដោយអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃនិងត្រូវបានអនុវត្តសាកល្បងមុនគេនៅអង្គភាពច្រកចេញចូលតែមួយ ខេត្តកំពង់ចាម។ តាមរយៈការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យានេះ មន្ត្រីផ្ដល់សេវារបស់រដ្ឋបាលរាជធានី-ខេត្ត និងមានភាព ងាយស្រួលក្នុងការកត់ត្រាសេវាដែលប្រជាពលរដ្ឋបានស្នើសុំចំណូលសេវាដែលទទួលបានពីការផ្ដល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយព្រមទាំងការរៀបចំរបាយការណ៍ វឌ្ឍនភាពជូនថ្នាក់ដឹកនាំ។ ទន្ទឹមនេះថ្នាក់ដឹកនាំរាជធានី-ខេត្ត អាចពិនិត្យ មើលជាប្រចាំលើស្ថានភាពនៃការផ្ដល់សេវា រដ្ឋបាល ក្នុងរាជធានី-ខេត្តសាមីហើយប្រជាពលរដ្ឋមានលទ្ធភាពពិនិត្យមើលចរន្តការ ឯកសារសេវាដែលខ្លួនបានស្នើសុំ ដោយខ្លួនឯងគ្រប់ពេលវេលា។

. ពានរង្វាន់បច្ចេកវិទ្យានវានុវត្តន៍សង្គមល្អបំផុតប្រចាំឆ្នាំ (Best Social Innovation Of The Year) បានទៅលើ “មជ្ឈមណ្ឌលបណ្តុះបណ្តាល DataU របស់ក្រុមហ៊ុន Mekong Big Data”។ មជ្ឈមណ្ឌលនេះ បណ្តុះបណ្តាលនិស្សិតលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ប.គ.ព) ក្នុងគោលបំណងដើម្បីអភិវឌ្ឍធនធានមនុស្សលើជំនាញវិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្មទិន្នន័យប្រកបដោយសមត្ថភាពខ្ពស់ដើម្បីផ្លាស់ប្ដូរមុខមាត់ព្រះរាជាណាចក្រកម្ពុជាឱ្យក្លាយទៅជាទីផ្សារវិទ្យាសាស្ត្រទិន្នន័យឈានមុខគេប្រចាំតំបន់។ ម្យ៉ាងវិញទៀតនិស្សិតក៏ទទួលបានប្រាក់ខែក្នុងរយៈពេលបណ្តុះបណ្តាលមួយឆ្នាំពេញ​ និងទទួលបានកិច្ចសន្យាការងារជាមួយក្រុមហ៊ុនដៃគូរបស់ Mekong Big Data ក្រោយពីបញ្ចប់វគ្គ។

. ពានរង្វាន់មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Content Of The Year) បានទៅ “រឿងនិទានតាឥសី (Ey Sey Storytime) របស់ក្រុមហ៊ុន Osja Studio”។ រឿងនិទាននេះ ជាបណ្ណាល័យឌីជីថលដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រ កម្ពុជាដែលមានបញ្ចូលរឿងព្រេងនិទានប្រជាប្រិយខ្មែរប្រមាណ ៥០រឿង ហើយត្រូវបានអភិវឌ្ឍន៍ជាហ្គេម។   រឿងទាំងអស់ត្រូវ បានជ្រើសរើសដោយយកចិត្តទុកដាក់ពឹងផ្អែកលើសីលធម៌និងតម្លៃអប់រំជាធំ។ ដោយឡែកចំពោះរឿងណាដែលមានលក្ខណៈហិង្សា និងមិនសមរម្យ ត្រូវបានកែតម្រូវខ្លឹមសារឱ្យស្របទៅតាមបរិបទរបស់កុមារចន្លោះអាយុពី១ឆ្នាំទៅ៦ឆ្នាំដោយរក្សាចំណុចសំខាន់នៃរឿងនោះឱ្យនៅដដែល។

​. ពានរង្វាន់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital R&D Of The Year) បានទៅ “Smart Valve and Smart Pump” ដែលជាគម្រោងស្រាវជ្រាវរបស់និស្សិតមួយក្រុមមកពីវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន វិទ្យាស្ថានបេច្ចកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ គម្រោងនេះជា ដំណោះស្រាយបច្ចេកវិទ្យា អ៊ីនធឺណិតក្នុងវត្ថុ (Internet of things) លើវិស័យកសិកម្ម ដែលផ្តោតលើការគ្រប់គ្រង ប្រព័ន្ធធារាសាស្រ្ត ដោយប្រើប្រព័ន្ធ បញ្ជាស្រោចស្រពដំណាំពីចម្ងាយតាមរយៈសារ SMS ទូរស័ព្ទ-ចល័ត និងកម្មវិធីស្មាតហ្វូន។ ការប៊ង្កើតនេះ ដោយយោងទៅតាមសិក្សាស្រាវជ្រាវទៅលើកសិករចំនួន ៥០ នាក់ ដែលពួកគាត់ភាគច្រើនខ្វះខាតបច្ចេកទេស ស្រោចស្រពដំណាំ ដែលចំណាយពេលពី ៣ ម៉ោងទៅ ៥ ម៉ោងក្នុងការស្រោចស្រពដំណាំលើផ្ទៃដីទំហំ៣ហិចតា។ ម្យ៉ាងវិញទៀត ការស្រោចស្រពទឹករបស់ពួកគាត់មិនមានប្រសិទ្ធភាពល្អ ដោយសារបរិមាណទឹកដែលស្រោចស្រពអាចលើស ឬក៏ខ្វះពុំមាន ស្ថេរភាព ដែលជាផ្នែកមួយបណ្ដាល ឱ្យទិន្នផលធ្លាក់ចុះ។

. ពានរង្វាន់ក្រុមហ៊ុនផ្តួចផ្តើមធុរៈកិច្ចបច្ចេកវិទ្យាល្អបំផុតប្រចាំឆ្នាំ (Best Tech Startup Of The Year) បានទៅ “Sala Enrollment របស់ក្រុមហ៊ុនផ្ដួចផ្ដើមធុរៈកិច្ច SALA”។ Sala Enrollment ជាវេទិកាអនឡាញពិសេសមួយ ដែលអនុញ្ញាតឱ្យ សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់ទី១២ អាចស្វែងរកព័ត៌មានលម្អិតអំពីសាកលវិទ្យាល័យថ្លៃសិក្សារបស់មុខជំនាញនីមួយៗ និងដំណឹងអាហាររូបករណ៍។ ប្រព័ន្ធនេះ អនុញ្ញាតឱ្យសិស្សអាចចុះឈ្មោះតាមអនឡាញ ដោយផ្ទាល់តែម្ដង។

. ពានរង្វាន់សហគ្រិនស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា​ (Cambodia Woman Entrepreneur Award) បានទៅ “លោកស្រី គង់ សូរីតា ជាស្ថាបនិក និងជាអគ្គនាយិកា ក្រុមហ៊ុន Ocean Technology Co.,Ltd.” ដែលជាក្រុមហ៊ុននាំចូលផលិតផល GPS គ្រប់ប្រភេទមកកាន់ប្រទេសកម្ពុជា។ លោកស្រីគឺជាសហគ្រិន ស្ត្រីកម្ពុជាវ័យក្មេងដែលជោគជ័យ និងលេចធ្លោ ក្នុងវិស័យពាណិជ្ជកម្មដែលទទួលបានពានរង្វាន់ជាច្រើន ទាំងក្នុងនិងក្រៅប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្នលោកស្រី ជាទីប្រឹក្សាក្រសួងកិច្ចការនារី ខាងផ្នែក សេដ្ឋកិច្ចផងដែរ។ លោកស្រីបានធ្វើការផ្សព្វផ្សាយ ចែករំលែកបទពិសោធន៍ និងបណ្តុះបណ្ដាល ជំនាញទន់ដល់យុវតីកម្ពុជាជាច្រើនតាមរយៈសិក្ខាសាលា ការផ្តល់មតិយោបល់ និងវគ្គបណ្តុះបណ្ដាល ផ្សេងៗ។ លោកស្រី សូរីតា ក៏បានវិនិយោគក្នុងការនិពន្ធសៀវភៅដោយខ្លួនឯងចំនួនពីរគឺ “Leading Ladies” និង “Dare to Dream” ដើម្បីបណ្តុះគំនិតក្នុងការអានដល់យុវជនជំនាន់ក្រោយផងដែរ។

. ពានរង្វាន់វិស្វករ​ស្រ្តី​​ជោគជ័យ​ក្នុងជំ​នាញ ប.គ.ព (Cambodia Woman​ ICT Engineer Award) បានទៅ “លោកស្រីបណ្ឌិត ព្រហ្ម សុភា ជាប្រធានផ្នែកផលិតផល នៃក្រុមហ៊ុន Soramitsu Khmer Co.,Ltd.” ។ លោកស្រីបណ្ឌិត គឺជាស្រ្តីខ្មែរដំបូង ដែលទទួលបានសញ្ញាប័ត្របណ្ឌិតខាងផ្នែក Data Analytics and AI នៅឆ្នាំ២០១៣ពីសកលវិទ្យាល័យ La Rochelle នៃប្រទេសបារាំង និងមានបទពិសោធន៍ក្នុងការធ្វើការស្រាវជ្រាវលើផ្នែក AI (Artificial Intelligence) អស់រយៈពេល ជាង១០ឆ្នាំមកហើយ។ លោកស្រីបានសម្រេចសមិទ្ធិផលជាច្រើនលើកិច្ចការស្រាវជ្រាវលើវិស័យបច្ចេក វិទ្យាដែលជាទុនមួយ ដ៏សំខាន់សម្រាប់និសិ្សត និងអ្នកស្រាវជ្រាវផ្សេងៗទៀត។

. ពានរង្វាន់ស្រ្តី​​ដែល​បាន​ចូលរួម​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យាសម្រាប់​ការអភិវឌ្ឍ​សង្គម​ឬសហគមន៍​ (Cambodia Woman ICT For Community Award) បានទៅ “កញ្ញា ប៉ែន វនាត ជាសហស្ថាបនិក និងអគ្គនាយិកា នៃក្រុមហ៊ុន៦០៦ និងជាតំណាងថ្នាក់តំបន់របស់កម្មវិធី Technovation ប្រចាំប្រទេស កម្ពុជា”។ កញ្ញា មិនត្រឹមតែជា អ្នកសរសេរកម្មវិធីកុំព្យូទ័រដ៏ជំនាញនោះទេ កញ្ញាក៏ជាអ្នកជួយអភិវឌ្ឍន៍ដល់ សហគមន៍យ៉ាងសស្រាក់សស្រាំផងដែរ ខាងផ្នែកអប់រំនិងបច្ចេកវិទ្យា។ វនាត ក៏បានធ្វើការជាមួយយុវជន មួយក្រុមក្នុងការគ្រប់គ្រង យុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គម ជាភាសាខ្មែរដែលមានឈ្មោះថា Digital Noodle ដើម្បីលើកកម្ពស់ការយល់ដឹង  អំពីនិន្នាការបច្ចេកវិទ្យាដែលកំពុងរីកដុះដាល។

. ពានរង្វាន់​ស្រ្តី​ដែល​​បង្កើត​មាតិកាព័ត៌មានច្នៃប្រឌិត​ (Creative Digital Contents Award) បានទៅ “កញ្ញា រិទ្ធី​ លំអរពេជ្រ ជាស្ថាបនិក និងអគ្គនាយិកា​របស់ ក្រុមសិល្បៈភ្លើងគុប” ដែលជាក្រុមមួយ បង្កើតឡើងដោយផ្តោតលើវប្បធម៌ និងប្រពៃណី។ លំអរពេជ្រ បានបង្កើតស្នាដៃវីដេអូឯកសារជាច្រើន ហើយថ្មីៗនេះកញ្ញាត្រូវបានទទួលស្គាល់ទូទាំងប្រទេសនូវស្នាដៃវីដេអូ បែបស្នេហាយុវវ័យ។ ក្រៅពីនេះ លំអរពេជ្រ បានបង្កើតមាតិកាដែលមានប្រជាប្រិយភាពជាច្រើនដូចជាកម្មវិធី Love9, Shadow of the Shadow, និងបុណ្យភូមិជាដើម។

១០. ពានរង្វាន់ពន្លកថ្មី (Girl Innovator) បានទៅ “ប្អូនស្រី សែស វនសារ អាយុ១៨ឆ្នាំ បច្ចុប្បន្នជានិស្សិតនៅ Liger Leadership Academy”។ ប្អូនស្រីបានបង្កើតគម្រោងមួយឈ្មោះថា Solar Pi Project ដែលជាគម្រោងមួយប្រើសម្រាប់បង្រៀន សិស្សនៅតាមជនបទអំពីបច្ចេកវិទ្យាកុំព្យូទ័រ ក្នុងនោះ មុខវិជ្ជា FreeCAD(3D Design) និង Scratch (កម្មវិធីសរសេរកូដ កុំព្យូទ័រ) ត្រូវបានដាក់បង្រៀន ដល់សិស្សនៅអនុវិទ្យាល័យចំនួនពីរក្នុងខេត្តតាកែវនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈពានរង្វាន់នេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ជាតិយើង នឹងរីកឈានទៅមុខមួយកម្រិត និងអាច តំណាងឱ្យប្រទេសកម្ពុជា នៅក្នុងឆាកតំបន់ និងអន្តរជាតិ ដើម្បីបង្ហាញពីភាពជោគជ័យរបស់កម្ពុជា នៅក្នុង ការផ្លាស់ប្តូរឌីជីថល (digital transformation) និងដើម្បីទាក់ទាញវិនិយោគិនមកប្រទេស របស់យើង។

អំពី​វិទ្យាស្ថានជាតិ NIPTICT

វិទ្យាស្ថានជាតិ NIPTICT គឺជាគ្រឹះស្ថាន​ស្រាវជ្រាវនិង​បណ្ដុះបណ្ដាល ឯកទេសបច្ចេកវិទ្យាឌីជីថល ដំបូងបំផុត​ នៅកម្ពុជា ដែលស្ថិតនៅក្រោមក្រសួងប្រៃសណីយ៍និង​ទូរគមនាគមន៍។