• Home
  • Training & Workshop
  • វេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជាឆ្នាំ២០១៩

វេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជាឆ្នាំ២០១៩

ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និង ព័ត៌មាន(NIPTICT) និងសាកលទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (UHS) បាន​រៀបចំ​កម្មវិធី “វេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជា – Cambodia HealthTech Forum 2019” ដើម្បីបង្កើតចក្ខុវិស័យឆ្ពោះទៅពង្រឹង បច្ចេកវិទ្យាឌីជីថល ក្នុងវិស័យសុខាភិបាល និងវេជ្ជសាស្រ្តនៅក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមឧបត្ថម្ភពីក្រុមហ៊ុន មិត្តហ្វូន និង មូលនិធិ ស.អ. (CBRD Fund) និងអញ្ជើញចូលរួមពីសំណាកថ្នាក់ដឹកនាំកំពូលៗមកពីវិស័យសុខាភិបាល វិស័យបច្ចេកវិទ្យា និងថ្នាកដឹកនាំក្នុងជួររដ្ឋាភិបាល ដើម្បីធ្វើការពិភាក្សាអំពីតួនាទីដ៏សំខាន់របស់បច្ចេកវិទ្យាសុខាភិបាល ក្នុងវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា​ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា រាជធានីភ្នំពេញ។

វេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជា ឆ្នាំ២០១៩ នេះរៀបចំឡើងក្រោមការគាំទ្ររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសុខាភិបាល ក្រុមប្រឹក្សា មូលនិធិ អ.ស. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

បច្ចេកវិទ្យាឌីជីថលដើរតួនាទីកាន់តែសំខាន់ខ្លាំងឡើងនៅក្នុងការអភិវឌ្ឍវិស័យសុខាភិបាល ដោយបានប្រែក្លាយជាកម្លាំងចលករក្នុងការជំរុញការផ្លាស់ប្ដូរ និងការកែលម្អគួរឱ្យកត់សម្គាល់ទៅលើរបៀបរៀបចំ និងគ្រប់គ្រងវេជ្ជសាស្រ្ត និងសុខាភិបាល ព្រមទាំងរបៀបវិភាជន៍ធនធានវេជ្ជសាស្រ្ត ដើម្បីកែលម្អការផ្ដល់សេវាកម្មសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត។

ដើម្បីឆ្លុះបញ្ចាំងថាយើងអាចកែលម្អសុខភាព និងសុខុមាលភាពឱ្យកាន់តែល្អប្រសើរឡើងតាមរយៈ បច្ចេកវិទ្យានវានុវត្តន៍ ចាំបាច់ត្រូវតែមានការដឹកនាំ និងការគិតគូរបន្ថែមទៀតពីថ្នាក់ដឹកនាំជាន់ខ្ពស់ពីសំណាក់វិស័យឯកជន និងរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ មន្ទីរពេទ្យ សាកលវិទ្យាល័យ គ្រឹះស្ថានសុខាភិបាល ស្ថាប័នព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ក៏ដូចជា សហគ្រាសធុនតូច និង មធ្យម ដើម្បីធ្វើការពិភាក្សាអំពីឱកាស និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការកសាងប្រព័ន្ធអេកូបច្ចេកវិទ្យាសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ដោយកំណត់គោលដៅរួមឆ្ពោះទៅលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា​ និងភ្ញៀវបរទេសនៅក្នុងប្រទេសកម្ពុជាទាំងអស់។

ឯកឧត្តម ត្រាំ អ៊ីវតឹក មានប្រសាសន៍ថា៖​​ “ ​ខ្ញុំមានការចាប់អារម្មណ៍ចំពោះប្រព័ន្ធមួយដែលហៅថា Telemidicine​ ដែលជាប្រព័ន្ធមួយដែលប្រើប្រាស់បច្ចេកវិទ្យា ICT ជួយដល់គ្រូពេទ្យ​និងអ្នកជំនាញវេជ្ជសាស្ត្រអាចពិនិត្យ  ព្យាបាល និងតាមដានអការៈអ្នកជម្ងឺនៅតាមខេត្តរឺទីជនបទបាន ដោយពុំចាំបាច់ចុះទៅដល់ទីកន្លែងផ្ទាល់។ ​បច្ចុប្បន្ន ប្រព័ន្ធ Telemedicine ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយប្រទេសជិតខាងយើងដូចជាប្រទេសថៃនិងវៀតណាម។ ក្នុងនាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ខ្ញុំសូមអោយស្ថាប័នជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យានិងសុខាភិបាលពិចារណាវិនិយោគក៏ដូចជាលើកគម្រោងប្រើប្រាស់ប្រព័ន្ធ Telemedicine។

ឯកឧត្តម សាស្រ្តាចារ្យ វេង ថៃ រដ្ឋលេខាធិការក្រសួងសុខាភិបាល  តំណាង ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលមានមោទនភាពដែលបានមើលឃើញការរីកចម្រើន និងការអភិវឌ្ឍ នៅទូទាំងប្រទេសកម្ពុជារួមមាន ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និង ការអប់រំដែលនាំមកនូវការរីកចម្រើន និងការអភិវឌ្ឍវិស័យសុខាភិបាលតាមរយៈបច្ចេកវិទ្យា។ លោកមានប្រសាសន៍ថា៖​ ”ខ្ញុំពិតជាមានការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តគំនិតផ្ដួចផ្ដើមនេះ និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការពិភាក្សាផ្លូវការជាច្រើនជាមួយនឹងអ្នកដឹកនាំនៅក្នុងវិស័យបច្ចេកវិទ្យា និងវិស័យឯកជន ហើយយើងក៏មានការគាំទ្រយ៉ាងពេញលេញ និងមុតមាំដើម្បីកសាង និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាដើម្បីអភិវឌ្ឍវិស័យសុខាភិបាល  ការផ្ដល់សេវាកម្មសុខាភិបាល ព្រមទាំងធានាថាប្រជាពលរដ្ឋនៅកម្ពុជាទាំងអស់ ទាំងប្រជាជនខ្មែរ ឬជនបរទេសដែលទទួលសេវាកម្មសុខាភិបាលនៅកម្ពុជា នឹងទទួលបានសេវាកម្មសុខាភិបាលប្រកបដោយគុណភាពខ្ពស់ជាក់ជាមិនខាន”។

ក្នុងវេទិកាបច្ចេកវិទ្យាសុខាភិបាលនេះមានកិច្ចពិភាក្សាចំនួន ៣ប្រធានបទ ដែលចូលរួមធ្វើបទបង្ហាញដោយវាគ្មិន និងអ្នកជំនាញជាតិ និងអន្តរជាតិ ដែលមានបទពិសោធន៍ ជាច្រើនរូប លើប្រធានបទ៖
១. កាលានុវត្តភាព និងបញ្ហាប្រឈមនៃ បំលែងបែបឌីជីថលក្នុងវិស័យសុខាភិបាល
២.កំណត់ត្រាសុខភាពអេឡិចត្រូនិកជាតិ (National Electronic Health Record)
៣. ដំណើរឆ្ពោះទៅរកមន្ទីរពេទ្យ និងមន្ទីរពិសោធន៍ឆ្លាតវៃ

អំពី​វិទ្យាស្ថាន NIPTICT

វិទ្យាស្ថាន NIPTICT គឺជាគ្រឹះស្ថានស្រាវជ្រាវនិងបណ្តុះបណ្តាលឯកទេសបច្ចេកវិទ្យាឌីជីថលដំបូងគេបំផុតនៅកម្ពុជាស្ថិតនៅក្រោមក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍។

វិទ្យាស្ថានជាតិមានបេសកកម្មចំនួន៣គឺ៖

  1. ការអប់រំបណ្តុះបណ្តាលជំនាញឌីជីថល
  2. ការស្រាវជ្រាវវិទ្យាសាស្ត្រលើបច្ចេកវិទ្យាឌីជីថល
  3. ការលើកកម្ពស់សហគ្រិនភាពនិងនវានុវត្តន៍នៅកម្ពុជា​