• Home
  • News and Announcement
  • វិទ្យាស្ថានជាតិ NIPTICT​ ប្រគល់សញ្ញាបត្រ បរិញ្ញាបត្រដល់និស្សិតជំនាន់ទី២

វិទ្យាស្ថានជាតិ NIPTICT​ ប្រគល់សញ្ញាបត្រ បរិញ្ញាបត្រដល់និស្សិតជំនាន់ទី២

វិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានរៀបចំ​ពិធី​ប្រគល់​សញ្ញាបត្របរិញ្ញាបត្រ ជូន​ដល់និស្សិតជំនាន់ទី២​ រួមមានបរិញ្ញាបត្រ វិទ្យាសាស្ត្រកំុព្យូទ័រ បរិញ្ញាបត្រពាណិជ្ជកម្មអេឡិចត្រូនិក និងបរិញ្ញាបត្រទូរគមនាគមន៍ និងបណ្ដាញ កំុព្យូទ័រ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំ២០១៩។ ឯកឧត្តម​ ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ នៅក្នុង​ពិធី​ប្រគល់ ​សញ្ញាបត្រ​ ដល់​និ​ស្សិតបញ្ចប់ការសិក្សាជំនា​ន់ទី​២​នេះ ដែល​រៀបចំ​ធ្វើ​ឡើងនៅឯទីស្ដីការក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍​​ នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។

ឯកឧត្តម​ ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ បាន​មានប្រសាសន៍ ​ក្នុង​ពិធី ​ប្រគល់​សញ្ញាបត្រ​នេះ ដូច្នេះ​ថា​៖ “វិទ្យាស្ថានជាតិ NIPTICT ជាសេនាធិការដ៏សកម្មរបស់ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការចូលរួមកសាងខឿនសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា តាមរយៈ សម្មភាពបណ្តុះបណ្តាលធនធានមនុស្ស ជំនាញបច្ចេកវិទ្យាឌីជីថលដល់និស្សិត ក៏ដូចជាដល់ មន្រ្តីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការគាំទ្រដល់ការងារនវានុវត្តន៍ និងសហគ្រិនភាព បច្ចេកវិទ្យានៅកម្ពុជា ព្រមទាំងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍ (R&D) លើបច្ចេកវិទ្យាថ្មីៗដូចជា បច្ចេកវិទ្យា ភាសាខ្មែរក្នុងប្រព័ន្ធកុំព្យូទ័រ បញ្ញាសប្បនិម្មិត វិទ្យាសាស្រ្តទិន្នន័យ ក៏ដូចជា បច្ចេកវិទ្យាជួយកាត់ បន្ថយគម្លាតឌីជីថលរវាងទីជនបទ និងទីក្រុងជាដើម។”

ឯកឧត្តម​ សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT ​ បាន​មានប្រសាសន៍ ​ក្នុង​ពិធីនេះ​ថា​៖ “​វិទ្យាស្ថានជាតិពិតជាមានមោទនភាពខ្លាំងណាស់ចំពោះលទ្ធផល របស់និស្សិត NIPTICT ព្រោះថា និស្សិតជំនាន់ទី២ ដែលបានបញ្ចប់ការសិក្សានាពេលនេះ គឺសឹងតែ១០០% ទទួលបានការងារ ធ្វើនៅក្នុងក្រុមហ៊ុនដែលត្រូវនិងជំនាញរបស់ខ្លួន ព្រមទាំងទទួលបានប្រាក់ខែជាមធ្យមលើសពី ៣៨០$ ដែលជាចំនួនមួយខ្ពស់បើយើងគិតជាប្រាក់ខែដំបូង របស់និស្សិតដែលទើបតែបញ្ចប់ការសិក្សា។”

ឯកឧត្តម​ សេងសុភាព បានបន្តទៀតថា​ ក្រៅពីការទទួលបានជោគជ័យក្នុងការសិក្សានៅវិទ្យាស្ថានជាតិ ប្អូនៗនិស្សិតក៏បានកសាងស្នាដៃជាច្រើនក្នុងការប្រឡងប្រជែងថ្នាក់ជាតិខាង​គំនិតច្នៃប្រឌិត នវានុវត្តន៍ និង​សហគ្រិនភាព ដោយនិស្សិតយើងទទួលបានពានរង្វាន់ Smartstart ដោយបានទៅទស្សនកិច្ច​ ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗនៅ​ ប្រទេសសង្ហបុរី ព្រមទាំង​ទទួល​បាន ពានរង្វាន់សហគ្រិនឆ្នើម អាជីវកម្មចាប់ផ្ដើមថ្មី (Best Startup Awards) របស់​កម្មវិធី ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា (Cambodia Young Entrepreneur Awards) ដែលនាំមកនូវកេរ្តិ៍ឈ្មោះ និងមោទនភាពដល់និស្សិត ក៏ដូចជា សាស្ត្រាចារ្យ នៃវិទ្យាស្ថានជាតិ NIPTICT។

វិទ្យាស្ថានជាតិ NIPTICT បានធ្វើកិច្ចសហប្រតិបត្តិការ និងចុះអនុស្សរណៈយោគយល់ (MOU) ជាមួយ ស្ថាប័នរដ្ឋ​ និងឯកជន ក្រុមហ៊ុនធំៗ និងដៃគូរអភិវឌ្ឍន៍​​ថ្នាក់ជាតិ និង​អន្តរជាតិជាង២០០ស្ថាប័ន ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យ និស្សិត ចុះកម្មសិក្សា ហាត់ការ រកការងារធ្វើ ឬ​បន្តការសិក្សា​ថ្នាក់​ បរិញ្ញាបត្រ​ជាន់ខ្ពស់ ក្រោយបញ្ចប់កាសិក្សារបស់ខ្លួន។​ សូមបញ្ជាក់ថា បច្ចុប្បន្នវិទ្យាស្ថានជាតិ NIPTICT​ មាននិស្សិតកំពុងសិក្សាសរុប​ជាង ៥០០នាក់​។

វិទ្យាស្ថានជាតិនិបទីក ជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ឯកទេសទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន តែមួយគត់នៅកម្ពុជា ដែលបង្កើតឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ហើយនឹង កំពុងតែ ផ្ដល់ការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រ (១) ទូរគមនាគមន៍ និងបណ្តាញកុំព្យូទ័រ (២) វិទ្យាសាស្ត្រ កុំព្យូទ័រ និង (៣) ពាណិជ្ជកម្មអេឡិចត្រូនិក ដែលជាជំនាញមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារ។

វិទ្យាស្ថានជាតិ NIPTICT មានបេសកកម្មចម្បង៣​ (១)បណ្ដុះបណ្ដាលធនធានមនុស្ស (២)ស្រាវជ្រាវ និងអភិវឌ្ឍន៍ (៣)លើកកម្ពស់សហគ្រិនភាព និងនវានុវត្តន៍ លើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ដើម្បីអភិវឌ្ឍធនធានមនុស្សឱ្យប្រកបដោយគុណភាពនិងជំនាញខ្ពស់ ក្នុងវិស័យ ICT ដែល​ បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា៕