• Home
  • News and Announcement
  • NIPTICT ធ្វើកិច្ចសហប្រត្តិបត្តការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសនៃទីក្រុងទូលូ

NIPTICT ធ្វើកិច្ចសហប្រត្តិបត្តការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសនៃទីក្រុងទូលូ

វិទ្យាស្ថានជាតិ NIPTICT ធ្វើកិច្ចសហប្រត្តិបត្តការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសនៃទីក្រុងទូលូ(ប្រទេសបារាំង)

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០១៩ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ហៅកាត់ថា វិទ្យាស្ថានជាតិ NIPTICT ) បានចុះហត្ថលេខាលើអនុស្សារណ យោគយល់ជាមួយជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសនៃទីក្រុងទូលូ (L’Institut National Polytechnique de Toulouse- INP Toulouse) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ធំ និងល្បីមួយនៅប្រទេសបារាំងក្នុងការបណ្តុះបណ្តាល ជំនាញផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងរវាងឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT និង លោកសាស្រ្តាចារ្យ Pascal Maussion អនុប្រធានវិទ្យាស្ថានជាតិ ពហុបច្ចេកទេសនៃទីក្រុងទូលូ។

អនុស្សារណនេះ និងអនុញ្ញាតិអោយវិទ្យាស្ថានជាតិទាំងពីរសហការគ្នាលើសកម្មភាព និងកម្មវិធីមួយចំនួនដូចជា៖
– ការចែករំលែកការប្រើប្រាស់សម្ភារៈបំរើអោយការអប់រំ បណ្តុះបណ្តាល និងការស្រាវជ្រាវ
– ការទទួលយកទៅវិញទៅមកនូវនិស្សិតកម្មសិក្សា អ្នកស្រាវជ្រាវ សាស្រ្តាចារ្យ ក៏ដូចជាជំនួយការ បច្ចេកទេស
– ការចូលរួមក្នុងគម្រោងស្រាវជ្រាវ និងសិក្ខាសាលាបច្ចេកវិទ្យារួមគ្នា
– ការបណ្តុះបណ្តាលតាមប្រព័ន្ធអ៊ីនធឺណិតសម្រាប់ថ្នាក់ក្រោយឧត្តម។

ឯកឧត្តមបណ្ឌិត សេង សុភាព បានមានប្រសាសន៍ថា អនុស្សារណនេះពិតជាមានសារសំខាន់ណាស់ព្រោះវាជាការបើកផ្លូវអោយនិស្សិត សាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវរបស់វិទ្យាស្ថានជាតិ NIPTICT ទទួលបាននូវពុទ្ធិ និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ពីអរិយប្រទេសដែលមានការរីកចម្រើនខ្លាំងផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត។

សូមរំលឹកផងដែរថា វិទ្យាស្ថានជាតិ NIPTICT គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកទេសទូរគមនាគមន៌ និងបច្ចេកវិទ្យាព័ត៌មានតែមួយគត់នៅ កម្ពុជាដែលបង្កើតឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ វិទ្យាស្ថានជាតិ NIPTICT ផ្តល់ការបណ្ដោះបណ្តាលថ្នាក់បរិញ្ញាបត្រ e-Commerce, Telecoms និង Computer Science ដែលជាជំនាញមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារនាយុគសម័យសេដ្ឋកិច្ចឌីជីថល (Digital Economy) និងបដិវត្តន៍ឧស្សាហកម្មទី៤ (Industry 4.0)។ វិទ្យាស្ថានជាតិ NIPTICT ក៏ជាគ្រឹះស្ថានស្រាវជ្រាវ និងលើកកម្ពស់គំនិតច្នៃប្រឌិត និងភាពជាសហគ្រិនក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងICT ផងដែរ។