• Home
  • News and Announcement
  • ពិធីដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទឆ្លាតវៃ “ការអប់រំពីចម្ងាយ”

ពិធីដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទឆ្លាតវៃ “ការអប់រំពីចម្ងាយ”

នាថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក្រសួង ប.ទ.) និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា (ក្រសួង អ.យ.ក) បានចូលរួមជាគណៈអធិបតីក្នុងពិធីដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទឆ្លាតវៃ “ការអប់រំពីចម្ងាយ” ក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទាំងពីរ ប្រធាននិងមន្ត្រីនៃវិទ្យាស្ថានជាតិ NIPTICT នាយកក្រុមហ៊ុន Sabay Digital ប្រតិបត្តិករទូរសព្ទចល័ត ប្រតិបត្តិករផ្តល់សេវាអ៊ិនធឺណិត និងអ្នកសារព័ត៌មាន។

កម្មវិធីទូរស័ព្ទឆ្លាតវៃ “ការអប់រំពីចម្ងាយ”នេះ ត្រូវបានអភិវឌ្ឍឡើងដោយវិទ្យាស្ថានជាតិ NIPITCT និងក្រុមហ៊ុន Sabay Digital និងមានគោលដៅចម្បងៗដូចខាងក្រោម៖

  1. ផ្តល់ជូននូវ platform ដែលអនុញ្ញាតឱ្យសិស្សានុសិស្សអាចចុះឈ្មោះដើម្បីទទួលបានមេរៀនទៅតាមកម្រិតថ្នាក់នីមួយៗ នៃសិស្សម្នាក់ៗច្បាស់លាស់
  2. ពន្លឿនល្បឿន Download និងកាត់បន្ថយការចំណាយថ្លៃសេវាអ៊ិនធឺណិតតាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន​ដែលមានតំណតភ្ជាប់ផ្ទាល់ជាមួយនឹងប្រតិបត្តិករទូរសព្ទចល័ត និងប្រតិបត្តិករផ្តល់សេវាអ៊ិនធឺណិត (ISP) និង
  3. អនុញ្ញាតឱ្យក្រសួង និងសាលារៀនទទួលបាននូវស្ថិតិសិស្សដែលចូលទៅប្រើប្រាស់មាតិកាព័ត៌មានពី e-Learning app ដើម្បីអាចឱ្យក្រសួង និងសាលារៀនអាចមានផែនការភ្លាមៗដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរក្នុងការសិក្សា។

e-Learning app នេះតម្រូវឱ្យសិស្សានុសិស្សចុះឈ្មោះជាមុន ដើម្បីអាចចូលទៅប្រើប្រាស់មាតិកាព័ត៌មាន។ កម្មវិធីនេះ កំណត់ជាមុខវិជ្ជា, មេរៀន, ការទាញយកមេរៀនជាវីដេអូ (Video Download), ការមើលមេរៀន (View Lesson), និងការជូនដំណឹងនៅពេលដែលមេរៀនថ្មីត្រូវបានបញ្ចូល។

លោក ហ៊ាន សំបឿន អនុប្រធានវិទ្យាស្ថានជាតិ NIPTICT និងជាតំណាងវិទ្យាស្ថានជាតិ NIPTICT បានលើកឡើងថា ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប.ទ. និងការដឹកនាំដោយផ្ទាល់របស់ ឯកឧត្តម បណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួង ប.ទ. និងជាប្រធានក្រុមការងារដើម្បីសហការរៀបចំ កែលម្អ និងអភិវឌ្ឍថ្នាលឌីជីថលសម្រាប់ផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិកត្រូនិក នៃក្រសួង ប.ទ., វិទ្យាស្ថានជាតិ NIPTICT បានសិក្សានិងផ្លាស់ប្តូរយោបល់ជាមួយក្រុមការងារពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងន័យធ្វើយ៉ាងណាឱ្យកម្មវិធីទូរសព្ទឆ្លាតវៃ “ការអប់រំពីចម្ងាយ” នេះមានភាពល្អប្រសើរ ងាយស្រួលក្នុងការប្រើប្រាស់ និងស្របតាមតម្រូវការរបស់សិស្សានុសិស្សនាពេលបច្ចុប្បន្ន។ លោកបានបន្តទៀតថា វិទ្យាស្ថានជាតិ NIPTICT នឹងបន្តអភិវឌ្ឍកម្មវិធីខាងលើបន្តទៀតនាពេលខាងមុខ ធ្វើយ៉ាងណាឱ្យកម្មវិធីនេះកាន់តែមានភាពល្អប្រសើរដើម្បីសម្រួលដល់ការសិក្សាពីចម្ងាយរបស់សិស្សានុ​សិស្ស​ឱ្យកាន់តែមានភាពសម្បូរបែប និងមានប្រសិទ្ធភាពខ្ពស់។

លោក ជី សិលា ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital បានមានប្រសាសន៍ថា ក្រុមហ៊ុន Sabay Digital ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយវិទ្យាស្ថានជាតិ NIPTICT អភិវឌ្ឍកម្មវិធីទូរសព្ទឆ្លាតវៃ “ការអប់រំពីចម្ងាយ” នេះឡើង ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួង ប.ទ. និងក្រសួង អ.យ.ក។ ដើម្បីចូលរួមចំណែកគាំទ្រការដោះស្រាយបញ្ហាប្រឈមនៃជម្ងឺកូវីដ ១៩ ចំពោះវិស័យអប់រំ ក្រុមហ៊ុន Sabay Digital ទទួល Host Content នៅលើម៉ាស៊ីនមេ (server) របស់ខ្លួន ដោយមិនគិតថ្លៃរហូតដល់ដំណាច់ឆ្នាំ២០២០ នេះ។

ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទឆ្លាតវៃ “ការអប់រំពីចម្ងាយ” ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានមានប្រសាសន៍ថា នៅពេលដែលឯកឧត្តមបានចូលមកដឹកនាំក្រសួងប្រៃសណីយ៍និង​ទូរគមនាគមន៍​ ប្រហែល ១ ខែ ឯកឧត្តមបានផ្តួចផ្តើមគំនិត ដើម្បី​អភិវឌ្ឍកម្មវិធីទូរសព្ទឆ្លាតវៃ សម្រាប់ “ការអប់រំពីចម្ងាយ”  ក្នុង​គោលបំណងដោះស្រាយបញ្ហាប្រឈមនឹងស្ថានការណ៍ដែលជំងឺឆ្លងកូវីដ១៩ កំពុងរាតត្បាតនៅទូទាំងពិភពលោក ដែលបង្ខំឱ្យ​សិស្ស និងនិស្សិត​ទាំងអស់​ផ្អាកការសិក្សា​ជាបណ្តោះអាសន្ន ហើយតម្រូវឱ្យពួកគាត់សិក្សា​ពីចម្ងាយ​ ឬ តាម Online ជំនួសវិញ។ ឯកឧត្តមពិតជារីករាយណាស់ដែលបានឃើញពីលទ្ធផលការងាររៀបចំកម្មវិធីសិក្សាពីចម្ងាយនេះសម្រេចបានក្នុងដំណាក់កាលទី ១ ព្រមទាំងស្នើឱ្យក្រុមការងារក្រសួងទាំងពីរ បន្ត​សហការ​កែលម្អ និងអភិវឌ្ឍ​កម្មវិធីនេះ ឱ្យបានកាន់តែល្អប្រសើរ និងធ្វើការបកប្រែមុខវិជ្ជាវិទ្យាសាស្រ្តមួយចំនួននៅលើ Platform Khan Academy ដើម្បីបង្កើតមេរៀនជាភាសាជាតិ កាន់តែសម្បូរបែប។ ក្រសួង​ប្រៃសណីយ៍​​និងទូរគមនាគមន៍ ដែល​មានវិទ្យាស្ថានជាតិ NIPTICT ជាសេនាធិការនឹង​បន្តគាំទ្រយ៉ាងពេញទំហឹង​លើការអភិវឌ្ឍ​ និងធានាសុវត្ថិភាពសន្តិសុខព័ត៌មានវិទ្យា​​​កម្មវិធីនេះ។ ឯកឧត្តម បានថ្លែងអំណរគុណដល់ ក្រុមការងារក្រសួង​អប់រំ យុវជន និងកីឡា​ និងវិទ្យាស្ថានជាតិ NIPTICT  ដែលបានខិតខំអភិវឌ្ឍកម្មវិធីទូរសព្ទឆ្លាតវៃនេះឡើង ដោយចំណាយពេលត្រឹម ៤ សប្តាហ៍ និងក្រុមហ៊ុន Sabay Digital  ដែលបានទទួលយកការ Hosting កម្មវិធីទូរសព្ទដៃឆ្លាតវៃនេះ និងមាតិកាឌីជីថលនៅលើមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួនដែលមានទំហំធំ និងល្បឿនលឿន ព្រមទាំងប្រតិបត្តិករ និងក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធឺណិត​​ទាំងអស់ ដែលបានផ្តល់កញ្ចប់ទិន្នន័យអនុ​គ្រោះ​​​​ ដែលអនុញ្ញាតឱ្យសិស្សានុសិស្សនៅតាមជនបទអាចមានលទ្ធភាពសិក្សាស្មើភាពគ្នា។ ឯកឧត្តមក៏បានលើកឡើងពីគម្រោងថ្មីមួយទៀតគឺ E-Library ដែលនឹងរៀបចំដាក់ឱ្យដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា សូមថ្លែងអំណរគុណចំពោះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលជាដៃគូរដ៏ជិតស្និតក្នុងការជំរុញនិងគាំទ្រដល់ការអប់រំពីច​ម្ងា​យ​​ ជាពិសេសក្នុងអំឡុងពេលវិបត្តិនៃជម្ងឺកូវីដ១៩នេះ។ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងកែប្រែបញ្ហាប្រឈមដែលបង្កពីជម្ងឺកូវីដ១៩នេះ ឱ្យក្លាយជាកាលានុវត្តភាព ដោយហេតុថា នេះជាពេលដែលសាកសមបំផុតដែលសិស្សានុសិស្សអាចបន្សាំខ្លួនទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីសិក្សា។ ក្រសួងអប់រំ យុវជន និ​ង​​កីឡា នឹងនៅតែបន្តជំរុញដល់ការអប់រំតាមរយៈប្រព័ន្ធឌីជីថលនាពេលអនាគតស្របតាមបរិបទនៃការអប់រំក្នុងសតវត្សទី២១។ ជាថ្មីម្តងទៀត ជាមួយនឹងការថ្លែងអំណរគុណចំពោះកិច្ចសម្របសម្រួល នៃមជ្ឈមណ្ឌលសម្រាប់ការអប់​រំ​ឌីជីថល និងពីចំងាយ និងការរៀបចំបង្កើត App របស់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេក-វិ​ទ្យា​គមនាគមន៍ និងព័ត៌មាន និងដោយមានកិច្ចសហការយ៉ាងជិតស្និតជាមួយក្រសួងប្រៃសណីយ៍និងទូ​រ​គម​នា​គ​​ម​ន៍ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមប្រកាស ដាក់ឱ្យប្រើប្រាស់ កម្មវិធីទូរស័ព្ទឆ្លាតវៃ “ការអប់រំពីចម្ងាយ” ចាប់ពីពេលនេះតទៅ។

គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្នកម្មវិធីទូរស័ព្ទឆ្លាតវៃ “ការអប់រំពីចម្ងាយ” នេះមានមាតិកាអប់រំស​ម្រា​ប់​​សិស្សានុសិស្សចាប់ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ហើយគ្រោងនឹងបញ្ចូលមាតិកាអប់រំសម្រាប់ថ្នាក់ផ្សេងៗទៀតនាពេលខាងមុខ។