• Home
  • News and Announcement
  • វិទ្យាស្ថានជាតិ NIPTICT រៀបចំសន្និសិទថ្នាក់តំបន់ស្តីអំពី ការស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកវិទ្យាភាសានៃបណ្តាប្រទេសអាស៊ាន

វិទ្យាស្ថានជាតិ NIPTICT រៀបចំសន្និសិទថ្នាក់តំបន់ស្តីអំពី ការស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកវិទ្យាភាសានៃបណ្តាប្រទេសអាស៊ាន

រាជធានីភ្នំពេញ៖ នៅថ្ងៃទី ១៧ និង១៨ ខែធ្នូ ឆ្នាំ២០២០ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ហៅកាត់ថា និបទីក (NIPTICT) បានរៀបចំសន្និសីទស្រាវជ្រាវប្រចាំឆ្នាំថ្នាក់តំបន់លើកទី៤ ស្តីពីការស្រាវជ្រាវនិងអភិវឌ្ឍន៍ បច្ចេកវិទ្យាភាសានៃបណ្តាប្រទេសអាស៊ាន ដោយមានការចូលរួមពីវាគ្មិនដែលធ្វើការស្រាវជ្រាវលើបច្ចេកវិទ្យាភាសាមកពីប្រទេសបារាំង ជប៉ុន ភូមា និងកម្ពុជា។
គោលបំណងចម្បងៗនៃការៀបចំសន្និសីទនេះរួមមាន ការជំរុញអោយមានការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាភាសាខ្មែរកាន់តែច្រើន, ការភ្ជាប់ទំនាក់ទំនងរវាងអ្នកស្រាវជ្រាវក្នុងស្រុក និងអ្នកស្រាវជ្រាវអន្តរជាតិ, ការបង្ហាញពីការរកឃើញ និងបច្ចេកវិទ្យាថ្មីៗទាក់ទង់នឹកការប្រើប្រាស់ភាសាក្នុងប្រព័ន្ធកុំព្យូទ័រជាពិសេសភាសាដែលមានលក្ខណះស្មុគស្មាញ (Complex Script) និងមានការប្រើប្រាស់តិចតួចក្នុងប្រព័ន្ធ កុំព្យូទ័រដូចជាភាសាខ្មែរ ឡាវ និងភូមាជាដើម។

សនិ្នសីទនេះក៏មានការចូលរួមពីសំណាក់សាស្ត្រាចារ្យ និស្សិត និងតំណាងអ្នកស្រាវជ្រាវមកពី ២០ សកលវិទ្យាល័យរដ្ឋ និងគ្រឹះស្ថានស្រាវជ្រាវនៅកម្ពុជាតាមរយៈ Zoom និង Facebook សរុបប្រមាណ២០០នាក់។

ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ បានលើកឡើងថាដោយមានការគាំទ្រពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ យើងបានរៀបចំសិក្ខាសាលាស្រាវជ្រាវថ្នាក់តំបន់ទាក់ទងនឹងបច្ចេកវិទ្យាភាសានេះចាប់តាំងពីឆ្នាំ២០១៧មកម៉្លេះ។ ខ្ញុំគិតថាការរៀបចំសិក្ខាសាលានេះបានផ្ដល់ឱកាសដល់និស្សិតនិងអ្នកស្រាវជ្រាវកម្ពុជាភ្ជាប់ទំនាក់ទំនងជាមួយអ្នកស្រាវជ្រាវអន្តរជាតិ ក៏ដូចអាចអោយគាត់បង្ហាញនិងបោះពុម្ពស្នាដៃស្រាវជ្រាវរបស់ខ្លួនលើប្រធានបទទាក់ទងនឹងវិធីសាស្រ្ត និងបច្ចេកវិទ្យាថ្មីៗជម្រុញដល់ការប្រើប្រាស់ភាសាខ្មែរក្នុងប្រព័ន្ធកុំព្យូទ័រ។

លោកបណ្ឌិត សំ សិទ្ធិសេរី អនុប្រធានវិទ្យាស្ថានជាតិ NIPTICT ទទួលបន្ទុកផ្នែកស្រាវជ្រាវ បានលើកឡើងថា ថ្នាក់ដឹកនាំវិទ្យាស្ថានជាតិ NIPTICT បានគាំទ្រយ៉ាងខ្លាំងក្នុងការរៀបចំសិក្ខាសាលាខាងលើនេះ ជាពិសេសចំពោះគំនិតផ្តួចផ្តើមនានាលើការស្រាវជ្រាវនិងអភិវឌ្ឍន៍លើបច្ចេកវិទ្យាភាសាខ្មែរ ក៏ដូចជាបច្ចេកវិទ្យាឌីជីថលផ្សេងៗទៀត ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍធនធានស្រាវជ្រាវ និងធនធានមនុស្សជំនាញបច្ចេកវិទ្យាឌីជីថល ដែលជាធនធានចាំបាច់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនៅក្នុងបរិបទនៃឧស្សាហកម្មជំនាន់ទី៤។