• Home
  • Training & Workshop
  • ក្រុមហ៊ុន Smart បានបរិច្ចាគប្រាក់ជាង ៣០ម៉ឺនដុល្លារដើម្បីកសាងអគារស្នាក់នៅ របស់និស្សិត

ក្រុមហ៊ុន Smart បានបរិច្ចាគប្រាក់ជាង ៣០ម៉ឺនដុល្លារដើម្បីកសាងអគារស្នាក់នៅ របស់និស្សិត

ក្រុមហ៊ុន Smart បានបរិច្ចាគប្រាក់ជាង ៣០ ម៉ឺនដុល្លារដើម្បីកសាងអគារស្នាក់នៅរបស់និស្សិត សិក្សានៅ វិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យា (NIPTICT) ដែលអាចផ្ទុកសិស្ស ១០០ នាក់បន្ថែមទៀត។

ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានកោតសរសើរដល់ក្រុមហ៊ុន Smart ដែលបានបរិច្ចាគថវិកាជួយសាងសង់អគារស្នាក់នៅ ដែលនឹងជួយសម្រួលការលំបាកសម្រាប់និស្សិតដែលមកពីបណ្តាខេត្ត ឆ្ងាយៗអាចមានលទ្ធភាពមកបន្តការសិក្សានៅក្នុងវិទ្យាស្ថានជាតិ បានកាន់តែងាយស្រួល។
លោកថា បេសកម្មរបស់វិទ្យាស្ថានជាតិប្រៃសណីយ៍គឺការបណ្ដុះបណ្ដាលធនធាន មនុស្សលើវិស័យបច្ចេកវិទ្យា ICT ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឃប្រទេសកម្ពុជា ដើម្បីអាចធ្វើសមាហរណកម្មចូលទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។

ក្រុមហ៊ុន Smart នៅក្នុងរបាយការណ៍ស្តីពីនិរន្តរភាពក្នុងឆ្នាំ ២០១៤ បានរាយការថាបានរួមចំណែក ១,៥% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងប្រទេសកម្ពុជា ជាមួយការបង្កើតការងារដោយផ្ទាល់និងប្រយោលដល់ពលរដ្ឋកម្ពុជាប្រមាណ ៦៦.០០០ នាក់។ ក្រុមហ៊ុនជាអ្នកបង់ពន្ធច្រើនជាងគេបំផុតរហូតដល់ជាង ១១៧ លានដុល្លារអាមេរិកទៅក្នុងថវិកាជាតិអំឡុងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៤។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ “យើងសប្បាយចិត្តជាខ្លាំងដោយបានចូលរួមកសាងអគារស្នាក់នៅរបស់ វិទ្យាស្ថានជាតិប្រៃសណីយ៍ ដែលជាគំនិតផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កម្ពុជា”។

លោកថា ក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុន Smart បានជាប់ជាក្រុមហ៊ុនរួមចំណែកការងារសង្គមច្រើនបំផុតដោយ Global Banking and Finance Review។ការផ្តល់ហិរញ្ញវត្ថុសម្រាប់ការសាងសង់អាគារស្នាក់នៅនេះ នឹងអនុញ្ញាតិឲ្យសិស្សនិស្សិតយ៉ាងហោចណាស់ ១០០ នាក់បន្ថែមទៀតបានចូលសិក្សារហូតដល់ចប់ចុងចប់ដើម ដែលជាការប្តេជ្ញាចិត្តមួយរបស់ក្រុមហ៊ុនក្នុងការចូលរួមលើកកម្ពស់ វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា។

លោក សេង សុភាព ដែលជានាយកវិទ្យាស្ថានបានថ្លែងថា ការទទួលបានអគារស្នាក់នៅដែលជាគាំទ្រពីក្រុមហ៊ុន Smart ពិតជាបានជួយសម្រួលដល់និស្សិតក្រីក្រដែលមកពីបណ្ដាខេត្តឲ្យទទួល បានអប់រំមួយយ៉ាងកក់ក្ដៅ។ លោកមើលឃើញការរួមចំណែកពីវិស័យឯកជនមានសារសំខាន់និងជាដៃគូមិន អាចខ្វះបាន ដើម្បីជួយអភិវឌ្ឍធនធានមនុស្សរបស់ប្រទេសកម្ពុជា។
NIPTICT ជាស្ថាប័នស្រាវជ្រាវនិងបណ្តុះបណ្តាលផ្តួចផ្តើមឡើងដោយក្រសួង ប្រៃសនីយ៍និងទូរគមនាគមន៍នៅដើមឆ្នាំ២០១៤ ដែលជាសាកលវិទ្យាល័យឯកទេសដំបូងផ្តោតសំខាន់នៅក្នុងវិស័យទូរគមនាគមន៍ និង ICT នៅក្នុងប្រទេសកម្ពុជា។

ស្ថាប័ននេះមានទីតាំងនៅក្នុងអាគារជាប់ទីស្តីការគណៈរដ្ឋមន្រ្តី (អាគារអតីត NIDA)។ ការសាងសង់បានបញ្ចប់ហើយអាចឲ្យនិស្សិត ៨០០ នាក់បានស្នាក់នៅនិងសិក្សាអប់រំ។
ជាមួយការគាំទ្រយ៉ាងពេញទំហឹងពី Smart ក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍នឹងកសាង “អាគារស្នាក់នៅ Smart” ដែលអាចផ្ទុកសិស្សបានរហូតដល់ទៅ ១០០ នាក់បន្ថែម រួមជាមួយបន្ទប់សិក្សា ផ្ទះបាយនិងកន្លែងចតម៉ូតូ។

ប្រភពពត៌មាន ៖ sabaynews.com